Skip to main content

komnap wat po thi chum វត្តពោធិជុំជំរំព្រះធម៌ តែងដោយ ភិក្ខុ.ឥន្រ្ទីយសំវរោ ប្រធានសង្ឃ វត្តសិរីឧត្តមពោធិជុំ ថ្ងៃច័ន្ទ៥កើត ខែស្រាពណ៍ឆ្នាំវកអដ្ឋស័កព.ស២៥៦០ (08/8/2016)

     ជយោ!ព្រះពុទ្ធសាសនាគណ:មហានិកាយរុងរឿងពាន់ឆ្នាំ
ជយោ!វត្តសិរីឧត្តមឋិតឋេរចិរកាល
 



វត្តពោធិជុំជំរំព្រះធម៌
ក្នុងនាមខ្ញុំជាប្រធានសង្ឃថ្មី សូមថ្លែងសេចក្តីប្រាប់ដល់មិត្តញាតិ
ក្នុងឱកាសនេះខ្ញុំសូមរាប់រៀប ឱ្យលោកអ្នកជ្រាបពីវត្តខ្ញុំខ្លះ ។
កំណើតកសាងឆ្នាំសាមប្រាំបី(១៩៣៨) លោកអ្នកប្រុសស្រីប្រហែលដឹងច្បាស់
វត្តពោធិជុំមានពីយូរណាស់ មិនដែលប្តូរផ្លាស់នាមម្តងណាឡើយ ។
មើលពីចម្ងាយស្រស់ល្អផូរផង់ ខ្លោងទ្វារសាងសង់ថ្មីរួចស្រេចហើយ
ក្បូរក្បាច់រចនាល្អណាស់អ្នកអើយ ដូចអង្គរហើយជាស្នាដៃខ្មែរ ។
របងមានក្បាច់ស្រស់ស្អាតអស្ចារ្យ ព័ទ្ធពីរហិចតាជាប់ជាហូរហែ
ជុំវិញដីវត្តទុករក្សាថែ កេរពីដំណែលតាយាយញោមវត្ត ។
រូបគាត់ទាំងពីរឈ្មោះហួនដូចគ្នា អ្នកមានសទ្ធាថ្វាយដីប្រាកដ
ឧទ្ទិសដល់សង្ឃសម្រាប់សាងវត្ត យើងដឹងគុណគាត់មិនដែលភ្លេចឡើយ
ចូលកាន់តែជិតមើលរឹតតែសម មានទេពប្រណម្យតម្រង់ជួរហើយ
រំលេចពណ៌ស្រស់សម្រស់ត្រាណត្រើយ មិនចាញ់សោះឡើយនឹងស្រីសួគ៌ឋាន ។
លុះចូលដល់ពិតគន់រិតតែល្អ ឈើស្លាលម្អជាជួរសង្ខាង
អមផ្លូវចូលវត្តទុកជាតំណាង ស្វាគមន៍អ្នកសាងអំពើសុចរិត ។
ចូលដល់ផ្ទៃវត្តជក់ចិត្តអស្ចារ្យ ទីធ្លាសួនច្បារភ្ញីផ្កាជុំជិត
បានសង្ឃថែទាំយ៉ាងល្អប្រណីត ក្នុងចិត្តជាក់គិតពិតថាស្អាតហួស ។
សម្រស់សួនច្បារវត្តពោធិជុំ ស្រស់ស្អាតមនោរម្យជំរំអ្នកបួស
មានម្លប់ពោធិ៍រាំងពិតត្រជាក់ហួស ធ្វើឱ្យអ្នកបួសបានស្ងប់ចិន្តា ។
ខាងជើងមើលត្រង់គឺព្រះចេតិយ ព្រះពុទ្ធអភ័យតំណាងមេត្តា
តែងតែអត់ទោសដល់សត្វមនុស្សា ដោយក្តីករុណាមេត្តាទាំងអស់ ។
ព្រះធម្មចេតិយតម្លៃជាងពេជ្រ ព្រោះបានរំលេចពាក្យពេចន៍របស់
ព្រះពុទ្ធជាម្ចាស់គ្រប់អង្គទាំងអស់ ដោយក្តីអនុគ្រោះសត្វក្នុងលោកា ។
ព្រះពុទ្ធនិព្វានពិតគួរសង្វេគ ស្ទើរស្រក់ទឹកភ្នែកលើផែនថ្មដា
ខាងត្បូងវិហារអមដោយសួនច្បារ សម្បូរបុប្ផាក្លិនក្រអូបសាយ ។
នៅតាមមាត់ស្រះឈូកមានផែទឹក គយគន់មើលភ្លឹកពិតពុំជិនណាយ
ព័ទ្ធជុំវិញវត្តស្រះវែងអន្លាយ ផ្ការីកសុះសាយព្រងព្រៀតទាំងអស់ ។
ទំនៀមម៉ោងប្រាំរសៀលស្តាប់ធម៌ អប់រំចិត្តល្អកាយមិនឡេះឡោះ
វាចាសុភាពពោលពាក្យពិរោះ ពិតសមនឹងឈ្មោះសក្យៈបុត្រហើយ ។
សព្វថ្ងៃក្នុងវត្តរួមមានព្រះសង្ឃ មួយម្ភៃពីរអង្គមិនមែនតិចឡើយ
សិក្សារៀនសូត្រពិតមិនកន្តើយ ព្រោះមិនខ្វល់ឡើយរឿងក្រៅតម្រា ។
ផ្លូវលោកផ្លូវធម៌ដើរទន្ទឹមគ្នា សង្ឃគ្រប់អង្គាតែងនឹកប្រាថ្នា
រៀនយកផ្លូវលោកដោយចិត្តឧស្សាហ៍ ផ្លូវធម៌ថ្លៃថ្លាខំប្រតិបត្តិ ។
លោកគ្រូបង្រៀនជាធម្មាចារ្យ ឆ្លៀវឆ្លាស់អស្ចារ្យក្នុងការបង្ហាត់
ខំព្រួតដៃគ្នាដើម្បីបំបាត់ សាមគ្គីកំចាត់គ្រោះអវិជ្ជា ។
ភាសាបាលីប្រពៃខ្មែរវៀត អង់គ្លេសថែមទៀតក៏ពុំរុញរា
សង្វាតរៀនសូត្រគ្រប់ពេលវេលា ប្រាថ្នាវិជ្ជាមកដាក់ក្នុងប្រាណ ។
វត្តពោធិជុំសម្បូណ៍អស្ចារ្យ ក្បួរក្បាច់រចនាខ្មែរពីបូរាណ
គ្រុឌនាគកិន្នរ បវរក៏បាន ចាប់បង្ហាញប្រាណទុកជាលម្អ។
ក្បាច់ខ្មែរអង្គរទេសហៀនភ្ញីភ្លើង បានរំលេចឡើងទាំងក្បាច់ភ្ញីវល្លិ៍
ខ្ញុំពិតស្រឡាញ់ដោយក្តីស្មោះស នឹងថែឱ្យល្អពង្រីកតទៀត។
វត្តពោធិជុំជំរំព្រះធម៌ ព្រះសង្ឃបវរល្អក្រិត្យរបៀប
ទ្រទ្រង់វិន័យព្រះត្រ័យលោកនាថ ពុទ្ធរិស័ទទៀតមារយាទថ្លៃថ្នូរ។
ណ្ហើយចុះប៉ុណ្ណេះសូមស្លេះប៉ុណ្ណឹង អំពីដំណឹងនឹងការផ្លាស់ប្តូរ
វត្តពោធិជុំនឹងល្បីរន្ទឺ ដោយការតស៊ូនៃយើងនេះហើយ។
បន្ទាប់សូមផ្តាំដល់អស់ខេមរា ខំជួយរក្សាកុំធ្វើព្រងើយ
ដួងព្រលឹងជាតិគឺវត្តនេះហើយ បងប្អូនខ្មែរអើយកន្តើយដល់ណា ។
 តែងដោយ ភិក្ខុ.ឥន្រ្ទីយសំវរោ ប្រធានសង្ឃ វត្តសិរីឧត្តមពោធិជុំ
ថ្ងៃច័ន្ទ៥កើត ខែស្រាពណ៍ឆ្នាំវកអដ្ឋស័កព.ស២៥៦០ (08/8/2016)

Popular posts from this blog

Về Sóc Trăng thăm những ngôi chùa Khmer (Wat po thi chum)

Sóc Trăng là một trong những tỉnh Nam bộ có đồng bào Khmer tập trung đông nhất. Trong sinh hoạt hàng ngày, người Khmer đặc biệt xem trọng các hoạt động văn hóa tín ngưỡng tâm linh. Vì vậy, khi đến với Sóc Trăng, du khách sẽ thấy sự hiện diện của rất nhiều ngôi chùa lớn, nhỏ. Chùa ở Sóc Trăng không chỉ là nơi để các nhà sư tu hành, thờ Phật, sinh hoạt văn hóa truyền thống, mà còn là những công trình kiến trúc đặc trưng của người Khmer Nam bộ, tiêu biểu là: chùa Kh’leang,  chùa Po Thi Chum  chùa Mahatúp (chùa Dơi), chùa Đất Sét (Bửu Sơn Tự), chùa Sàlôn (chùa Chén Kiểu). Wat po thi chum Wat po thi chum Wat po thi chum

PHONG CẢNH ĐẸP TẠI CHÙA KHMER SÓC TRĂNG (WAT PO THI CHUM)

kom nap khmer ភិក្ខុ ឥន្ទ្រីយសំវរោ WAT PO THI CHUM

បន្ទាប់សូមផ្តាំដល់អស់ខេមរាខំជួយរក្សាកុំធ្វើព្រងើយ ដួងព្រលឹងជាតិគឺវត្តនេះហើយ ឱកូនខ្មែរអើយកន្តើយដល់ណា ។