ចូលដល់ផ្ទៃវត្តជក់ចិត្តអស្ចារ្យ ទីធ្លាសួនច្បារភ្ញីផ្កាជុំជិត
បានសង្ឃថែទាំយ៉ាងល្អប្រណីត ក្នុងចិត្តជាក់គិតពិតថាស្អាតហួស ។
សម្រស់សួនច្បារវត្តពោធិជុំ ស្រស់ស្អាតមនោរម្យជំរំអ្នកបួស
មានម្លប់ពោធិ៍រាំងពិតត្រជាក់ហួស ធ្វើឱ្យអ្នកបួសបានស្ងប់ចិន្តា ។
ខាងជើងមើលត្រង់គឺព្រះចេតិយ ព្រះពុទ្ធអភ័យតំណាងមេត្តា
តែងតែអត់ទោសដល់សត្វមនុស្សា ដោយក្តីករុណាមេត្តាទាំងអស់ ។
ព្រះធម្មចេតិយតម្លៃជាងពេជ្រ ព្រោះបានរំលេចពាក្យពេចន៍របស់
ព្រះពុទ្ធជាម្ចាស់គ្រប់អង្គទាំងអស់ ដោយក្តីអនុគ្រោះសត្វក្នុងលោកា ។